សាមគ្គីមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក វន ស៊ីផា អភិបាលស្រុក បានទទួលសម្ភារជាគ្រឿងឧបភោគ និងបរិភោគ ពីក្រុមហ៊ុនអចលនទ្រព្យ ឌី ប្រុសពៅ តាមរយ: លោក ខាន់ ជេមស៌។
លោក វន ស៊ីផា អភិបាលស្រុក បានថ្លែងអំណរគុណដល់លោក ខាន់ ជេមស៌ តំណាងក្រុមហ៊ុនអចលនទ្រព្យ ឌី ប្រុសពៅ រួមទាំងសហការី ដែលបាននាំយកសម្ភារទាំងនេះមកជូនដល់រដ្ឋបាលស្រុក ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់គ្រួសារមួយចំនួនដែលពាក់ព័ន្ធ។ លោកក៏បានជូនពរដល់លោក ខាន់ ជេមស៌ ព្រមទាំងក្រុមគ្រួសារ និងសហការី ទទួលបានសុខភាពល្អ ជោគជ័យគ្របភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សម្ភារដែលរដ្ឋបាលស្រុកទទួលបានរួមមាន៖ អង្ករ ២០បាវ (១បាវ ស្មើនឹង ២៥ គីឡូក្រាម សរុបស្មើនឹង ៥០០ គីឡូក្រាម), ត្រីខ ២០ យួរ, ទឹកត្រី ២០ ដប, ទឹកស៊ីអុីវ ២០ ដប, ប៊ីចេង ៥០០ ក្រាម ២០ កញ្ចប់, ទឹកសុទ្ធកម្ពុជា ១០ កេស និងទឹកសុទ្ធ ២០ យួរ ៕