រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ផ្តល់សម្ភារ និងស្បៀងដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងតាមខ្នងផ្ទះ

  • 396
  • ដោយ taravong

សាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អញ្ជើញនាំយកសម្ភារ និងស្បៀងអាហារដើម្បីប្រគល់ជូនសាលាស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងតាមខ្នងផ្ទះក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ រួមនឹងសមាជិកក្រុមការងារ ថ្នាក់ដឹកនាំ និងមន្រ្តី រាជការរដ្ឋបាលស្រុក មេឃុំ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ តែងតែគិតគូរយកចិត្តទុកដាក់ និងធ្វើការណែនាំដល់ក្រុមការងារ ត្រូវតែតាមដាន និងពិនិត្យលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ពិសេសនៅក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩ នេះ។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើ និងធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ តាមដានកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងកម្មករ កម្មការិនីដែលធ្វើការរោងចក្រ។ ក្នុងនោះត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យជាប់ជាប្រចាំតាមគ្រប់រូបភាព ជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បន្ទាប់មកឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញប្រគល់ជូននូវសម្ភារ ដល់រដ្ឋបាលស្រុក រួមមាន៖
១. ម៉ាស់ ១០០ ប្រអប់ (៥ ០០០ ម៉ាស់)
២. អង្ករ ៥ ០០០ គីឡូក្រាម (៥តោន)
៣. ទឹកបរិសុទ្ធ ២ ៤០០ ដប ( ២០០ យួរ )
៤. មីម៉ាម៉ា ៧២ កេសតូច (១២ កេសធំ)
៥. ត្រីខ ៦០០ កំប៉ុង (៥០ឡូត៍) និង
៦. ទឹកស៊ីអ៊ីវ ៣០០ ដប (៥០ យួរ) ៕

អត្ថបទទាក់ទង