កំពង់ត្រឡាច៖ នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ផន ផាវី សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រឡាច តំណាងលោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុក រួមនឹងសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងណែនាំដល់បងប្អូនកម្មករ កម្មការិនី រោងចក្រហឺរ៉ាយហ្សិន អៅដរ ខេមបូឌា ដែលកំពុងបិទខ្ទប់ធ្វើចត្តាឡីស័ក ចំនួន ០៣គ្រួសារ នៅភូមិក្រឡាញ់ ភូមិឃ្នង់ ឃុំអូរឬស្សី និងភូមិដើមពពេល ឃុំថ្មឥដ្ឋ។
ក្នុងឱកាសនោះដែរលោកស្រីបានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក រយៈពេល២១ ថ្ងៃនៅផ្ទះ សូមបងប្អូនទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
លោកស្រីបានបន្ថែមទៀតថា៖ ប្រសិនបើបងប្អូនមានអាការ:មិនស្រួលត្រូវរាយការណ៍ទៅលោកមេភូមិ មេឃុំ ឬទៅកាន់មណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន។ អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច ផ្ដល់ជូនដល់កម្មករ កម្មការិនីរួមមាន៖ អង្ករចំនួន ២០គីឡូក្រាម ,ឃីដ១កញ្ចប់, មី១កេស រួមនឹងថវិកាចំនួន ៤០,០០០រៀលផងដែរ ៕