កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ តុង ណារី ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព បាននាំយកអំណោយចែកជូនដល់គ្រួសារងគ្រោះដោយភ្លើងឆេះ ចំនួន ០២គ្រួសារ ស្ថិតនៅភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ធុងទឹកកក ១ ម៉ាស់ ១ប្រអប់ កន្ទេល ១ មុង ១ ភួយ ១ ខ្នើយគេង ១ នឹងថវិកាចំនួន ២២០ ០០០រៀល និងបានជូនម៉ាស់ចំនួន ៤ប្រអប់ដល់លោកមេភូមិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារពីជំងឺកូវីដ-១៩ កុំឱ្យមានឆ្លងក្នុងក្រុមគ្រួសារ និងសហគមន៍យើង ៕