សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យការបិទខ្ទប់ភូមិក្ងោកពង់ និងភូមិត្រពាំងព្រីង នៃឃុំស្វាយជុក ដែលសមាជិកក្រុមគ្រួសារមានវិជ្ជមានកូវីដ-១៩។ ក្នងពេលចុះត្រួតពិនិត្យនោះលោកអភិបាលបានធ្វើការណែនាំដល់កម្លាំងប្រចាំការចុះធ្វើការណែនាំប្រជាពលរដ្ឋឱ្យគាត់បានយល់អំពីគោលបំណងនៃការបិទខ្ទប់ភូមិនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍របស់យើង។ ជាមួយគ្នានោះក្រុមការងារបានផ្សព្វផ្សាយផងដែរនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្នើសុំឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ។
លោកអភិបាលក៏បានណែនាំដល់កម្លាំងប្រចាំការតាមដានពីជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយវិធានការបិទខ្ទប់នេះ ពិសេសគ្រួសារក្រីក្រ។ ជាការឆ្លើយតប លោកអភិបាល ក៏បានចាត់ចែងដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២គ្រួសារ (ក្រុមគ្រួសារនិវត្តន៍ជន ១ គ្រួសារ) ដែលប៉ះពាល់ដោយសារវិធានបិទខ្ទប់នេះផងដែរ ដែលក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ២២,៨ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកសុំអ៊ីវ ១ យួរ, មី ២៥ កញ្ចប់, ត្រីខ ៥ កំប៉ុង។
សូមជម្រាបបញ្ជាក់ជូនថា: ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ មាន:
-ភូមិក្ងោកពង់ ចំនួន ៥ នាក់ ស្មើនឹង ៥ ខ្នងផ្ទះ ថ្មី (រកឃើញនៅថ្ងទី១៧ ខែឧសភា ឆ្នាំ២០២១) ត្រូវបានបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាលស្រុកកំពង់ត្រឡាច និងរកឃើញនៅភ្នំពេញ ១ នាក់ ស្មើ ២ ខ្នងផ្ទះ ចាស់(រកឃើញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១) ត្រូវបានបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាលកោះពេជ្រ។
-ភូមិត្រពាំងព្រីង ចំនួន ៧ នាក់ ស្រី ៧ នាក់ ស្មើនឹង ៧ ខ្នងផ្ទះ ត្រូវបានបញ្ជូនទៅព្យាបាលនៅកន្លែងព្យាបាលស្រុកកំពង់ត្រឡាច ៕