កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកងកម្លាំង និងប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។ ដោយមានការចូលរួមពីលោកអភិបាលស្រុក អភិបាលរងស្រុក និងកងកម្លាំង ក្រុមគ្រូពេទ្យ និងលោក ជុង ហៃយ៉េន អគ្គនាយកក្រុមហ៊ុនសម្បត្តិរតនៈវិសាល និងក្រុមការងារមនុស្សធម៌។
លោកជំទាវ បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការពារពីជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
ក្នុងឱកាសនោះលោកជំទាវ និងក្រុមការងារក៏បាននាំយកនូវសម្ភារប្រគល់ជូនដល់មណ្ឌលចត្តាឡីស័កទាំង២ ក្នុង១មណ្ឌលចត្តាឡីស័ក ទទួលបានរួមមាន៖ ទឹកបរិសុទ្ធ ១០០យួរ ទឹកក្រូច ១០កេស ទឹកបរិសុទ្ធវីតាល់ ១០កេស ម៉ាស់ ២០ប្រអប់ សាប៊ូក្រអូប ៥ដុំ ធុងទឹកលាងដៃចំនួន ៣ និងថវិកា ៥០០,០០០រៀល ផងដែរ ៕