កំពង់ឆ្នាំង៖ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដែងថ្វាយនូវកតញ្ញូ កត្តវេទិតាធម៌ចំពោះព្រះមហាករុណាទិគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ “ ព្រះបរមរតនកោដ្ឋ” សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញ្ញាណឈ្លាសវៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ជារៀងដរាបតរៀងទៅ ៕