សាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយលោក ឈួន ចាន់ណា ប្រធានអនុសាខា និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១ខ្នង កាលពីរំលងអាធ្រាតុថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។
លោក វន ស៊ីផា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះទោះនៅទីណាក៏ដោយ។
អំណោយផ្តល់ជូនរួមមាន៖ អង្ករ ៥០គ.ក មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារ៉ុង ១ កន្ទេល ១) តង់ ១ និងថវិកា ១០០.០០០រៀល (មួយរយពាន់រៀលគត់) ។
ជាទីបញ្ចប់លោកប្រធានបានមានប្រសាសន៍ផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាសាងសង់ដោយមានលិខិតស្នើសុំទៅសមត្ថកិច្ចជំនាញ ជួលជាងមានបច្ចេកទេសត្រឹមត្រូវ និងសាងសង់សំណង់គោរពតាមបច្ចេកទេស។ ស្ថិតក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ ១៩ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ៕