កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅសួនដើមពោធិ៍ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថាៈ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើង ដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺចំថ្ងៃ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
នៅក្នុងពិធីបុណ្យពិសាខបូជានេះ អាជ្ញាធរខេត្តក្នុងកំពង់ឆ្នាំងបានធ្វើពិធី ពុទ្ធាពិសេក ព្រះពុទ្ធបដិមា២អង្គ ធ្វើពីលោហៈ យកមកតម្កល់នៅក្នុងបុស្បុកថ្មីនេះ។ សម្រាប់ពុទ្ធសាសនិកទាំងអស់ គោរពប្រតិ្តបត្តិទៅលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕