កំពង់ឆ្នាំង៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជំនួសមុខឲ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួង សួង ដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយ ប្រោសប្រសិទ្ធពរជ័យ និង តាម បីបាច់ ថែរក្សា សម្ដេចអគ្គមហាអគ្គមហាពញ្ញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា បុត្រា បុត្រី ព្រម ទាំង ចៅ ប្រុស ចៅ ស្រី ជាទីស្រឡាញ់ របស់សម្ដេច សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា និង ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឈានដល់ត្រើយសុភមង្គល ថ្កុំថ្កើង សម្បូណ៌រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកបដោយកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្ដេចអគ្គមហាពញ្ញាចក្រី ប្រធានរដ្ឋសភា ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់គ្រប់បែបយ៉ាងដឹកនាំស្ថាប័នរដ្ឋសភាក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិយ៉ាងធំធេងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ៕