កំពង់ឆ្នាំង៖ លោកជំទាវបណ្ឌិត វណ្ណលុយ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះចំនួន៦គ្រួសារ នៅសង្កាត់ផ្សារឆ្នាំង ក្នុងអំឡុងពេលកូវីដ-១៩ ត្រូវបាន ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ពិធីចែកអំណោយបានធ្វើនៅថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ខែមីនា ឆ្នាំ២០២១ នៅវត្តត្រពាំងបី ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លោក ឌឹម ឌន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមព្រះអង្គប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត និងអាជ្ញាធរដែនដី ផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន៦គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ។ អំណោយដែលផ្តល់ជូនប្រជាពល រដ្ឋនាពេលនេះ គឺជាអំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។
ឯកឧត្តមបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត វណ្ណ លុយ ដែលជានិច្ចកាលតែងតែបានបរិច្ចាគនូវធនធានមួយចំនួន សម្រាប់ជួយដល់ប្រជាពល រដ្ឋក្នុងគ្រាលំបាកនេះ ។នៅក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល នូវការរីករាលដាលជាសកលនូវជំងឺកូវីដ-១៩ដែលបច្ចុប្បន្នជំងឺនេះកំពុងតែរីករាលដាលនៅពាសពេញពិភពលោក ។
ក្នុងនោះកម្ពុជាក៏បាននិងកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះផងដែរ ។ ដូច្នេះសូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា និង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល សាប៊ូ ជែល និង មានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ។
អំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ ដែលបានផ្តល់ជូននាពេលនេះចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ ៕