រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីជួបសំណេះសំណាលជាមួយនារីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩”

  • 472
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ មានរៀបចំប្រារព្ធពិធីជួបសំណេះសំណាលជាមួយមន្រ្តីជានារីរបស់រដ្ឋបាលខេត្តកំ ពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ស្រ្តី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩” ក្រោមអធីបតីភាពលោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ស៊ុមន៍ ច័ន្ទថាវី ភរិយា ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជានារីរដ្ឋបាលខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីតំណាងនារីរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានស្តាប់របាយការណ៍សង្ខេប និងអានព្រះរាជសារសម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី១១០ ទិវាអន្តរជាតិ៨មីនា ក្រោមប្រធានបទ"ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩" ក្នុងគោលបំណងរំលេចពីការចូលរួមដ៏ចម្បងរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលទេស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកស្រ្តី ជាឆ្នឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

លោកជំទាវបានមានប្រសាសន៍បន្តថាៈ ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកនៃកំណើនសេដ្ឋកិច្ចសង្គម ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្រ្ត លើកកម្ពស់សមភាពយេនឌ័រ ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាក់ស្តែងស្របពេលនៃការផ្ទុះនៃជំងឺកូវិដ១៩ ប្រមុខរាជរដ្ឋាភិបាលបានបង្កើតឱ្យមានកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ការផ្តល់ប្រាក់ឧត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ ទេសចរណ៍ ជាពិសេសជួយស្តារលទ្ធភាព និងលើកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។ ជាងនេះទៅទៀត កំណើនស្រ្តីក្នុងការចូលរួមដឹកនាំអង្គភាពថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ក្នុងកិច្ចការស្វ័យសម្រេចនានា កត្តាទាំងនេះដែលធ្វើឱ្យស្រ្តីពង្រឹងសមត្ថភាព បង្កើនភាពអង់អាចក្លាហាន ក្នុងការជំរុញការអភិវឌ្ឍជាតិប្រកបដោយសមធម៌ បរិយាប័ន្ន ចីរភាព។

លោកជំទាវ ប៊ន សុភី បានអំពាវនាវដល់មន្រ្តីរាជការ ក៏ដូចប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងការទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសរាល់ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុក ត្រូវធ្វើការយកសំណាក និងធ្វើចតត្តាឡីស័ក១៤ថ្ងៃតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ហើយចំពោះជនណាដែលមិនអនុវត្តត្រឹមត្រូវតាមនឹងត្រូវទទួលទោសតាមច្បាប់។

ក្នុងឱកាសនោះលោកជំទាវ ឈឹម ស្រីមុំ លោកជំទាវ ប៊ន សុភី និងលោកជំទាវ ស៊ុមន៍ ច័ន្ទថាវី បានឧបត្ថម្ភដល់នារីបានចូលរួមក្នុងម្នាក់ៗទទួលបានសំពត់១ និងថវិកាចំនួន ៧ម៉ឺនរៀល ៕

អត្ថបទទាក់ទង