ស្រុកជលគិរី៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះពិនិត្យគម្រោងសាងសង់ផ្ទះថ្មី១ខ្នង ជូនគ្រួសារកំពុងជួបការលំបាក ដែលសាងសង់ពីឈើប្រក់ស័ង្កសី ដែលមានទំហំ៥ម៉ែត្រ បណ្ដោយ៦ម៉ែត្រ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំពី ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី លោក ដូវ គឹមស៊ីន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី និងមន្រ្ដីស្នាក់ការ ព្រមទាំងមានការអញ្ជើញចូលរួមពីអជ្ញាធរភូមិឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំ។
គ្រួសារជួបការលំបាកមាន ឈ្មោះ ផន ផា និងប្រពន្ធឈ្មោះ ឡាយ ស្រីមាជ មានកូនចំនួន ០៣នាក់ក្នុងបន្ទុក។ ក្នុងឱកាសនោះផងដែរឯកឧត្ដមបានពាំនាការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានធ្វើការផ្ដាំផ្ញើអំពីការថែរក្សាសុខភាព អនាម័យ ជាពិសេសចូលរួមក្នុងទប់ស្កាត់ជំងឺខូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕