ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ផ្តល់សារសំខាន់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដែលប្រជាពលរដ្ឋអាចស្កេនពេលចូលទៅទីតាំងផ្សេងៗ ដើម្បីទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ-១៩ ។
ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”នៅទូទាំងប្រទេស ដែលកំណត់ ដោយអនុគណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងមានការគាំទ្រផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផល ប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គម ដោយសារការរាតត្បាតនៃជំងឺ នេះដូចបណ្ដាប្រទេសផ្សេងទៀត ។
ឯកឧត្តមបន្តថា ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលដែលមានស្រាប់ ដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ទៀត ។
« អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធនេះ គឺផ្ដល់ភាពងាយស្រួលក្នុងការជូនដំណឹងត្រឡប់ទៅបងប្អូនវិញ ក៏ដូចជាសម្រួលដោយការស្វែង រកតាមដាននូវបុគ្គលសង្ស័យ ដែលអាចពាក់ព័ន្ធទៅនឹងករណីឆ្លងជំងឺ នៅពេលដែលទីតាំងដែលបងប្អូនអញ្ជើញទៅដល់នេះរកឃើញមានវិជ្ជមាននៃវីរុសកូវីដ-១៩ ។ ហើយខ្ញុំសូមបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធនេះគឺជាវិធានការបន្ថែមទៅលើវិធានការដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អ៊ីចឹងតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ ក៏មិនអាចជំនួសអ្វីដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញអនុវត្តកន្លងមក នូវវិធានការផ្សេងៗទៀតដែរ ដោយសារតាមរយៈនេះ ក៏ស្នើសុំការយោគយល់ពីសាធារណៈជនទាំងអស់ ថាយើងទាំងអស់គ្នារស់នៅក្នុងគន្លងបែបថ្មី ដូច្នេះតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ នៅពេលដែលបងប្អូនអញ្ជើញចូលទីតាំងណាមួយ អាចនឹងចំណាយពេលបន្ថែមបន្តិចបន្តួចទៀត ប៉ុន្តែទោះជាយ៉ាងណា នេះជារបៀបដែលយើងនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ »។
ឯកឧត្តម បន្ថែមទៀតថា វិធីសាស្ត្រក្នុងការស្កេន QR Code ដោយប្រើស្មាតហ្វូន ជំហានដំបូងត្រូវរកកន្លែងដែលមានដាក់ រូប QR Code នៅតាមច្រកចេញចូល បន្ទាប់មកស្កេន QR Code ដោយប្រើកាមេរ៉ាទូរស័ព្ទដៃ ឬក្នុងករណីមិនអាចស្កេន QR Code តាមកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ www.stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ“ចាប់ផ្តើមស្កេន” ។ ចំពោះការចុះឈ្មោះលើកដំបូងសូម លោកអ្នកវាយលេខទូរស័ព្ទ រួចចុចលើពាក្យ«បន្ត» បន្ទាប់មកវាយលេខកូដ៦ខ្ទង់ដែលបានផ្ញើទៅកាន់ប្រអប់សារក្នុងទូរស័ព្ទដៃ ។
មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ៧៣,២១២ហើយ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ និងមានបុគ្គលស្កេនចូលតាមទីតាំងចំនួន ២,០៥៧,២៤២ ដងហើយដែរ ៕