រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែ ច័ន្ទមុនី និងសហការី ចុះផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ ការពារ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់អាជីវករនៅផ្សារពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • 449
  • ដោយ taravong

នៅថ្ងៃ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភ: ឆ្នាំ២០២១លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ នៅផ្សារពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារស្រុក និងឃុំផងដែរ។

លោកជំទាវ កែ ច័ន្ទមុនី បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុក ដាក់ខ្ពស់លើការវិវឌ្ឍន៍នៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុស កូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើ សកលលោកផងដែរ។

លោកជំទាវ បានបន្តទៀតថា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័សនិងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។ បន្ថែមពីនេះទៀតត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបាននូវវិធានការ បីកុំ និង បីការពារ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះបាន។

លោកជំទាវបានបន្ថែមទៀតថា ត្រូវតែអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំគឺ១.ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលជែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។ ២.ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។ ៣.ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

និងត្រូវអនុវត្តវិធានការ ៣កុំគឺ ១. កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក ។ ២.កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ ។

លោកជំទាវ កែ ច័ន្ទមុនី បានបញ្ជាក់ទៀតថា ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយការណ៍មកអាជ្ញាធរឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យអោយបានទាន់ពេលវេលា។កន្លងមកនេះ អាជ្ញាធរក្រុងបានចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិនិងសង្កាត់ទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ។ លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចៀសផុតពីជំងឺ កូវីដ១៩ ហើយបើចាំបាច់ មិនត្រូវចេញក្រៅផ្ទះនោះទេ និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានល្អផងដែរ។

សូមបញ្ជាក់ជូនថាៈ រដ្ឋបាលស្រុករលាប្អៀរ បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ នៅតាមទីប្រជុំជនផ្សារចំនួន ០៣ទីតាំង រួមមាន ៖
១.ផ្សារពង្រ ដឹកនាំដោយលោក សេង វិចិត្រ អភិបាលរងស្រុក ដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងអាជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងឃុំផងដែរ ។
២.ផ្សារព្រៃខ្មែរ ដឹកនាំដោយលោក យង់ សៅវុឌ្ឍី អភិបាលស្រុក និងលោកស្រី ឈឹម សុផល អភិបាលរងស្រុក ដោយមានការចូលរួមពីលោក ហ៊ិន សុវណ្ណនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរឃុំភូមិ ប៉ុស្តិ៍រដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ បងប្អូនប្រជាការពារ ផងដែរ ។
៣.ផ្សារស្មែត ដឹកនាំដោយលោក ផុន សីហា នាយករងដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក យី ភួន មេឃុំស្វាយជ្រុំ អាជ្ញាធរឃុំភូមិ ប៉ុស្តិ៍រដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងបងប្អូនប្រជាការពារ ផងដែរ ៕

អត្ថបទទាក់ទង