កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូ។
បន្ទាប់ពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអានរបាយការណ៍ពីការអនុវត្តការងារកន្លងមករួចមក ឯកឧត្តម អម សុភា អភិបាលរងកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានបញ្ជាក់ថាៈ ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ទៅលើ យុទ្ធសាស្រ្តគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង។
ឯកឧត្តម អ៊ុង សម្បត្តិ មានប្រសាសន៏ថា ចំពោះបញ្ហាជនពិការភាពកន្លងទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមទាំង មន្ទីរ-អង្គភាព ពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ក៏បានជួយសម្រួលដល់បងប្អូនជនមានពិការភាពរបស់យើងដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងអង្គការដៃគូរនានា ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ជនមានពិការភាពកន្លងមកអស់រយ:ពេលជា ច្រើន ឆ្នាំ ៕