កំពង់ឆ្នាំងៈ វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដែលដឹកនាំដោយលោកជំទាវម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ប្រជាពលរដ្ឋ។ ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តម តាំ សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។
លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានមានប្រសាសន៍ថាៈការងារបង្កបង្កើនផលប្រជាកសិករបានបន្តអនុវត្តសម្រេចបានតាមផែនការសកម្មភាពនិងទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំកន្លងមកមិនមានបញ្ហាប្រឈមកើតឡើងឡើយ។រដ្ឋបាលស្រុកកំពង់ត្រឡាចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់ត្រឡាចសហការជាមួយសមត្ថកិច្ចរក្សាបានសន្តិសុខនិងសណ្តាប់ជូនប្រជាពលរដ្ឋបានល្អជាពិសេសថ្ងៃចូលឆ្នាំចិនមិនមានបញ្ហាអ្វីកើតឡើងឡើយ។
លោកវរសេនីយ៍ទោ ហាក់ ប៊ុន្នី អធិការរងស្រុកកំពង់ត្រឡាចបានផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជារដ្ឋាភិបាលកម្ពុជា លេខ០១ គនប ចុះថ្ងៃអង្គារ១៣កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តផ្សព្វផ្សាអោយបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធនិងអាណាចក្រ និងបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
លោកជំទាវក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ផ្សេងៗរបស់រដ្ឋ ខិតខំបង្កើនមុខរបបប្រចាំថ្ងៃ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ជាពិសេសការកំណត់និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋត្រូវមានតម្លាភាពស្របអនុវត្តអោយបានត្រឹមត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានកំណត់។
លោកជំទាវបានបញ្ជាក់ថាៈចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងដែលនៅសេសសល់អាជ្ញាធរដែនដីសហការជាមួយជំនាញពាក់ព័ន្ធត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយស្របតាមនិតិវិធីច្បាប់។