កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រុញដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់់ សហការជាមួយសមត្ថកិច្ច ត្រូវធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ។ ឯកឧត្តម បានជម្រុញបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម នេះអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ពិសេសតាមផ្សារនានាទាំងនៅក្នុងក្រុង ស្រុក និងបណ្តាទីប្រជុំជន ត្រូវមានវិធានការឱ្យបានច្បាស់លាស់ក្នុងកិច្ចការ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ។ ព្រោះថានៅពេលនេះបងប្អូនដែលមានជាប់សែស្រឡាយចិនវៀតណាម និងមកច្រើនជាពិសេសទីផ្សារត្រូវតែយកចិត្តទុកដាក់បំផុត ដោយមិនឱ្យមានការកកស្ទះក្នុងការធ្វើដំណើរ និងត្រូវការពារឱ្យបាននូវរាល់បទល្មើសនានា កុំឱ្យក្រុមជនខិលខូចនងឆ្លៀតធ្វើសកម្មភាពបាន។
ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះរថយន្តពន្លត់អគ្គិភ័យត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅពេលមានឧប្បត្តិហេតុកើតឡើងភ្លាមៗ ជាពិសេសអាជ្ញាធរដែនដី និងសមត្ថកិច្ចត្រូវចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អុជធូបទៀន ឬប្រើប្រាស់ភ្លើងអគ្គិសនី ក្នុងពេលសែនដូនតា មុននឹងចេញពីផ្ទះត្រូវ ពន្លត់ភ្លើងផ្សែងឱ្យបានអស់ និងរឹតបន្តឹងកុំឱ្យដុតផាវដែលអាចបង្កគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ និង បង្កសំលេងរំខាន ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ៕