នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិនន្ត្រៃយ៍អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកវរៈសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា បើយោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការងារពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ៕