រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកការដ្ឋាន​សាង​សង់ផ្លូវក្រាលគ្រួសក្រហមភ្ជាប់ពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

  • 454
  • ដោយ taravong

កំពង់ឆ្នាំង៖ ផ្លូវក្រាលគ្រួសក្រហមជាង៥គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅស្រុករលាប្អៀរ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក ជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន បានឲ្យដឹងថា កំណាត់ផ្លូវ ដែលបានបើកការដ្ឋានសាង
សង់នាពេលនេះ មាន២ខ្សែប្រវែង៥២៣១ម៉ែត្រចេញពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅកាន់ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះមួយខ្សែអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និង មួយខ្សែទៀតគាំទ្រថវិកាដោយរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានបញ្ជាក់ទៀតថា កន្លងមកផ្លូវនេះជាផ្លូវលិចទឹកនៅរដូវវស្សាមួយកំណាត់ ចំណែករដូវប្រាំង ពិបាកធ្វើដំណើរ ឆ្លងកាត់ ដោយសារផ្លូវតូចចង្អៀត និងជង្ហុកច្រើន ដោយមើលឃើញនូវការលំបាក របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក អាជ្ញាធរខេត្តបានស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើការសាងសង់ផ្លូវនេះតែម្តង ។

ឯកឧត្តមបន្តថា ផ្លូវគឺជាចរន្តមួយ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និង ការចរាចរណ៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។ ហើយផ្លូវមួយខ្សែនេះក្រោយពីបានសាងសង់រួចរាល់ នឹង ឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលដឹកទំនិញកសិផលនានាមកទីផ្សា បានឆាប់រហ័ស ហើយការសាងសង់ផ្លូវមួយនេះ បង្ហាញពីកិច្ចអភិវឌ្ឍថ្មីមួយទៀតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្សារភ្ជាប់ពីស្រុករលាប្អៀរ មកក្រុងកំពង់ឆ្នាំង ដែលតំបន់នេះកន្លងមកពុំធ្លាប់ដែលមានផ្លូវបែបនេះនោះឡើយ ហើយក៏បានង្ហាញថា ខេត្តកំពង់ឆ្នាំងកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតនៅតាមមូលដ្ឋាននានា មានផ្លូវមានក្តីសង្ឃឹម។

ឯកឧត្តម បានស្នើឲ្យការសាងសង់ផ្លូវនេះត្រូវធ្វើទៅតាមបច្ចេកទេស និង រឹងមាំ បានយូរអង្វែងសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋទៅបានប្រើប្រាស់ ៕

https://youtu.be/8GQJVfTcUl8

អត្ថបទទាក់ទង