រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន ១០គ្រឿង ជូនដល់សហគមន៍កសិកម្ម ក្នុងស្រុកបរិបូរណ៍ ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី

  • 356
  • ដោយ taravong

ស្រុកបរិបូរណ៍៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។

ពិធីស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវជាតិ អន្តរជាតិ ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវអភិបាលរងខេត្ត បានរាយការណ៍ពីវិស័យកសិកម្ម ទូទៅក្នុងខេត្ត និងជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ដែលទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហ.ត ស្នើនឹង ១០០%។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍។ ភ្ជាប់ទៅនឹងជំនួយដ៏ថ្លៃថ្លានេះ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ចប់កម្មវិធីចែកឧបករណ៍ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធីផងដែរ ៕

អត្ថបទទាក់ទង