ស្រុកសាមគ្គីមានជ័យ៖ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានកោតសរសើរបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ដើម្បីបង្កើតភាពស្និទស្នាលសាមគ្គីភាព និងបានផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឳវាទរដ្ឋបាលស្រុកបានលើកជាមតិយោបល់ និងសំណូមពរផ្សេងៗផងដែរ នារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះផងដែរ លោកឣភិបាលស្រុក បានមាន ប្រសាសន៍ថា÷ កម្ពុជាកំពុងខិតខំប្រឹងប្រែងងើបឈរឲ្យស្មើមុខមាត់គេឯងក្នុងតំបន់ក៏ដូចជាក្នុងឆាកអន្តរជាតិ។ ប្រទេសដែលធ្លាប់ខ្ទេចខ្ទាំដោយសង្គ្រាមដោយសាររបបខ្មែរក្រហមមួយនេះបានខិតខំលាងជម្រះអតីតកាលដ៏ជូរចត់របស់ខ្លួន ហើយបានកសាងអនាគតដ៏រុងរឿងមួយសម្រាប់កូនចៅជំនាន់ក្រោយក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពជាដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ ដោយមានគណបក្សប្រជា ជនកម្ពុជាបានកសាងសន្តិភាព ស្ថិរភាពនយោបាយដ៏ពេញ លេញ ប្រកបដោយចិរភាពនៅក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម និងការប្រកួតប្រជែងក្នុងតំបន់ និងលើឆាក អន្តរជាតិ។
ក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ ក្នុងនាមជាយុវជនជំនាន់ក្រោយសូមលំឱនកាយគោរពចំពោះដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងសូមចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសយើង ជាការដាស់ស្មារតីក្នុងការថែរក្សាសុខសន្តិភាព កុំឱ្យដើរជាន់ដានប្រវត្តិសាស្រ្ត។
ជាចុងក្រោយ លោកអភិបាលស្រុក បានចែកឣាវម្នាក់ចំនួន ១ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកផងដែរ ៕