កំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសុរិយោដីខេត្ត តំណាងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤៩ រូប ស្រី ០៨រូប។
លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២០កន្លងមក និងការងារដែលសម្រេចបាន ព្រមទាំងលើកទិសដៅផែនការដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២១។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានធ្វើកោតសរសើរនូវលទ្ធផល និងទិន្នន័យក្រុមចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធទាំង ០៤ ក្រុម ដែលខិតខំ និងសម្រេចបាននូវលទ្ធផលល្អស្របតាមផែនការដែលបានដាក់ចេញក្នុងឆ្នាំ ២០២០ កន្លងមក។ ឯកឧត្តម ក៏បានធ្វើការជម្រុញបន្ថែមលើការងារបម្រើសេវាជូនប្រជាពលរដ្ឋ ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានទាន់ពេលវេលាស្របតាមផែនការដែលបានដាក់ចេញ ក្នុងឆ្នាំ២០២១ ៕