កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាពលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញ និងបុគ្គលិកជាប់កិច្ចសន្យាចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ លោក ឆាយ លាភា ប្រធានមន្ទីរ បានជម្រុញឱ្យមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងទាន់ពេលវេលា។ ក្នុងនោះលោកក៏បានធ្វើការបញ្ជាក់ពីការផ្តល់សេវាធ្វើយ៉ាងណាអនុវត្តឱ្យមានតម្លាភាព មិនលម្អៀង គ្មានការរើសអើង។
លោកប្រធានមន្ទីរ ក៏បានបញ្ចាក់បន្ថែមទៀតថាៈ ពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់ ត្រូវចុះបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើឱ្យប្រសើរឡើង លើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណ
ភាពជាចំបងដើម្បីធានាឱ្យបាននូវការប្រើប្រាស់ធន និងរឹងមាំ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ ក៏បានធ្វើការផ្តាំផ្ញើដល់មន្រ្តីជំនាញ ត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាព ស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត ៕