កំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីវុទ្ធី ហូសិទ្ធី ព្រមទាំង ឯកឧត្ដម លោកជំទាវ និងសហការី បានអញ្ជើញនាំយកស៉ីម៉ងត៍ចំនួន ២០តោន ព្រមទាំងទាយ្យទានប្រគេនព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ និងធ្វើពិធីថ្វាយបង្គំព្រះសពលោកឪ សំ សាន្ត ត្រូវជាសិស្សប្អូនលោកឪ សួង ស្ថិតនៅក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ លោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ បានចែកនូវថវិកាដល់ លោកតា លោកយាយ និងប្រជាការពារផងដែរ។ ក្នុងនោះលោកជំទាវបានផ្តាំផ្ងើដល់ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី«រស់នៅធម្មតា តាមបែបគន្លងថ្មី»។
ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន និងព្រះសង្ឃគ្រប់អង្គ ព្រមទាំង អាចារ្យ គណៈកម្មការវត្ត មានសេចក្តីសោមនស្សរីករាយ សាទរយ៉ាងក្រៃលែង និងសូមគោរពជូនពរចំពោះ លោកជំទាវ ម៉ែន នារីសោភ័គ និងលោកជំទាវ ម៉ែន នារីវុទ្ធី ហូសិទ្ធី ព្រមទាំង ឯកឧត្ដម លោកជំទាវ សូមបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សូមអោយការតាំងចិត្តរបស់ លោកជំទាវ និងសហការី បានសម្រេច ព្រមទាំងជោគជ័យគ្រប់ភារៈកិច្ច សូមលោកជំទាវ និងសហការី បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕