កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ការចូលរួមរបស់ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤៧នាក់ ៕