កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សូមធ្វើការបដិសេធការចេញផ្សាយរបស់ប្រភពព័ត៌មាន ហ្វេសប៊ុកផេកឈ្មោះ IMan-KM កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកដែលថា៖ "ចង់ចិញ្ចឹមឪម៉ាល់ទុកទទួលស្វាគមន៍ប្រតិភូស-អ-កសិកម្ម ដើម្បីឱ្យតិចពួកហ្នឹងឱ្យហើមប្លោកគ្រប់គ្រប់គ្នាបានម្ដងកុំឱ្យដេកស៊ីប្រាក់ខែតែមិនជួយដោះស្រាយបញ្ហារបស់កសិករឡើយ។ ស្រូវចុះថោកព្រោះស្រូវមានគុណភាពអន់។ ម៉េចមិនថាស្រូវអន់ព្រោះមន្ត្រីចោលម្សៀតខ្លះផង"។
ក្នុងន័យខាងលើនេះ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សុំបដិសេធនូវមតិដែលបានលើកឡើងនេះទាំងស្រុង ពីព្រោះកន្លងមកក៏ដូចជាបច្ចុប្បន្នមន្ត្រីរាជការគ្រប់ថ្នាក់បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញរៀងខ្លួនយ៉ាងសកម្មមិនគិតពីការនឿយហត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់។ ជានិច្ចជាកាលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានយកចិត្តទុកដាក់ចុះមកមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយផ្ទាល់ដើម្បីពិនិត្យសកម្មភាពវិស័យកសិកម្មគ្រប់ផ្នែក ព្រមទាំងបានផ្ដល់អនុសាសន៍ល្អដល់មន្ត្រីក្រោមឱវាទឱ្យខិតខំជំរុញផលិតកម្មកសិកម្មគ្រប់ផ្នែក ក្នុងស្ថានភាពកម្ពុជាកំពុងជួបវិបត្តិជំងឺរាលដាលសកលកូវីដ១៩ បច្ចុប្បន្ននេះ។
ដូចនេះថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សុំថ្កោលទោសចំពោះម្ចាស់ ហ្វេសប៊ុកផេកឈ្មោះ IMan-KM ដែលបានបង្អាប់បង្អោនកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា មេត្តាជួយអន្តរាគមន៍វែកមុខម្ចាស់ទំព័រហ្វេសប៊ុកផេកឈ្មោះ IMan-KM ដែលជាមនុស្សអសីលធម៌ និងមានពាក្យសម្ដីមិនថ្លៃថ្នូរដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕