រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដឹកនាំប្រជុំដោះស្រាយសំណូមពរ និងក្ដីកង្វល់ពាក់ព័ន្ធរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ០៤ករណី

  • 455
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានរៀបចំកិច្ចប្រជុំដោះស្រាយសំណូមពរ និងក្ដីកង្វល់ពាក់ព័ន្ធរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ០៤ករណី ដែលបានលើកឡើងក្នុងវេទិកាសាធារណៈឆ្នាំ២០១៩ និងឆ្នាំ២០២០ របស់ប្រជាពលរដ្ឋ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដោយមានការចូលរូមពីលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោកអភិបាលស្រុក ក្រុមការងារលេខាធិកាដ្ឋាន និងប្រជាពលរដ្ឋ។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១. ទំនាស់ដីធ្លីរវាងលោកស្រី សំ ហាន និងលោកស្រី សេង វឺន (ទំនាស់ដីក្បាលស្រែ មានប្រវែង ១៥០ម៉ែត្រ)។ ករណីនេះភាគីទាំងពីរបានឯកភាពទទួលយកតាមការសម្របសម្រួលរបស់ក្រុមការងារតាមរូបមន្តឈ្នះឈ្នះ។
២. ទំនាស់ដីធ្លី រវាងលោក នួន ណុំ និងកងរាជអាវុធហត្ថ (ពាក់ព័ន្ធដីស្រែរបស់គាត់ដែលបានកាន់កាប់ តាំងពីឆ្នាំ១៩៩៣ មក តែមកដល់ឆ្នាំ២០១៦ ដីគាត់មានការដោះដូរកងរាជអាវុធហត្ថភ្នំជំរាយ តែគាត់មិនបានទទួលការដោះដូរនោះនៅឡើយ។ ករណីនេះគណៈអភិបាលស្រុកនឹងរៀបចំលិខិតស្នើសុំអន្តរាគមន៍ទៅគណៈអភិបាលខេត្ត ដើម្បីបន្តនីតិវិធីទៅកងរាជអាវុធហត្ថនៅសប្តាហ៍ក្រោយ។
៣. សំណូមពររបស់លោក តុប អុន មេភូមិប្រក្លូត ពាក់ព័ន្ធការធ្វើរបងរំលោភយកដីចំណីបឹងខ្នារ របស់ប្រជាពលរដ្ឋ។ ករណីនេះមន្ទីរធនធានទឹកនឹងកំណត់ដីចំណីបឹង ហើយប្រជាពលរដ្ឋបានឯកភាពរុះរើរបងចេញចាប់ពីដើមខែធ្នូឆ្នាំ២០២០ និងឱ្យអស់ត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១។
៤. ក្រុមប្រឹក្សាឃុំធ្លកវៀនស្នើសុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចុះបញ្ជីដីធ្លី។ ករណីនេះមន្ទីរជំនាញទទួលយកសំណើទៅអនុវត្ត ៕

អត្ថបទទាក់ទង