រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរខេត្តកំពង់ឆ្នាំង ជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការងារត្រៀមឆ្លើយតបគ្រោះទឹកជំនន់

  • 686
  • ដោយ taravong

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្ដម សេង សំបាន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីលោកលៀង ជុំសុបិន្តនាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរក្រុង ស្រុក សាខាកាកបាទក្រហមខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់លើការត្រៀមបម្រុងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការឆ្លើយតបគ្រោះទឹកជំនន់ និងតម្រូវការជាអាទិភាពសម្រាប់ឲ្យការត្រៀមបម្រុងកាន់តែប្រសើរថែមទៀត ក្នុងការឆ្លើយតបក្នុងករណីមានទឹកជំនន់កើតឡើង។

បន្ទាប់មក ឯកឧត្ដម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាពនៅវត្តឧទុម្ពរ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ក្នុងឪកាសនៃការចុះពិនិត្យទីទួលសុវត្ថិភាពនោះ ឯកឧត្តម សេង សំបាន និងឯកឧត្តម អម សុភា បានជម្រុញបន្ថែមឲ្យអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធត្រៀមរៀបចំបង្កើតផែនទីធនធាន ផែនទីតំបន់ភាពងាយរងគ្រោះដោយក្នុងនៅតំបន់ភាពងាយរងគ្រោះត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើជនងាយរងគ្រោះដូចជាស្រ្តីមេម៉ាយមានកូនច្រើន ជនទីទ័លក្រ ចាស់ជរា និងកុមារនៅត្រង់ចំណុចណា ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមការងារចុះជួយជម្លៀសបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់កើតឡើង។

បន្ថែមពីនោះ ឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរឃុំលើកឡើងអំពីបញ្ហាប្រឈមនានា និងលើកជាសំណូមពរទាំងឡាយណាដែលហួសសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីដាក់ជូនក្រុមការងារគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យ និងដោះស្រាយ។

អត្ថបទទាក់ទង