កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលមានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងចំណាយប្រមាណជាង ៥០០លានដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិមួយនេះ មានរៀបចំផ្លូវវាងដើម្បីបញ្ចៀសចរាចរណ៍ចូលក្រុងចំនួន ០៥កន្លែង ស្មើនឹង ៦២គីឡូម៉ែត និងការសាងសង់និងពង្រីកស្ពានចំនួន ៨០កន្លែង ព្រមទាំងលូរំដោះទឹកផងដែរ ក្នុងការចុះពិនិត្យផ្លូវផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ដែលមានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង ៣០៤គីឡូម៉ែត្រនេះ នឹងសាងសង់ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២២។
គម្រោងផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូAC ដោយការសាងសង់ចែកចេញជា៣ផ្នែក ក្នុងនោះផ្នែកខាងជើងចាប់ពីបាត់ដំបង ដល់ប៉ោយប៉ែត មានប្រវែង ៨៤,៧២គីឡូម៉ែត្រ ផ្នែកកណ្តាលចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ អភិវឌ្ឍន៍ដោយមានពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ត្រូវក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត។
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) ៕