កំពង់ឆ្នាំងៈនារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យវិសាខ
បូជានៅវត្តអារញ្ញការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង
ដោយការចូលរួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឈឹម ស្រីមុំ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចូលរួមផងដែរ។
ព្រះធម្មបាលោ កែវ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកា ឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ
សមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញ
បូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេគឺច្បាស់
ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើត
ឡើងទៅបានដែរ។ ការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការរីកចំរើនដល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនា នានា ពិសេសពិធីបុណ្យវិសាខបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសម្ងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និង ការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យប៉ុលពត ប្រល័យពូជសាសន៍ឯងនៅនិងបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ សម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចងចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និង ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និង ពិធីបុណ្យសាសនាជាច្រើនទៀត ជាពិសេសត្រូវរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល និង សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕