កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយ លោក សារី សុខុម, លោក ចាន់ សុភា និងលោក ដន ដារ៉ា ក្រុមការងារចុះជួយឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំងអស់បានជួបប្រជុំ ដើម្បី៖
១). កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងភូមិទាំងអស់នៃឃុំទាំងពីរ។ ២). បន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមដានជាប់ជាប្រចាំនូវស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ៣). ប្រគល់ និងទទួលស្បៀងបម្រុងជំហានដំបូងសម្រាប់ត្រៀមក្នុងករណីមានបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺ COVID-19 ហើយក្រុមការងារនឹងបន្តផ្គត់ផ្គង់នូវស្បៀងអាហារ និងរបស់ប្រើប្រាស់ចាំបាច់មួយចំនួនជាបន្តទៀតទៅតាមតម្រូវការចាំបាច់នៅក្នុងភូមិទាំងអស់ នៃឃុំទាំងពីរខាងលើជាបន្តទៀត។
សម្ភារៈដែលបាននាំយកទៅជូនឃុំទាំងពីរខាងលើនាឱកាសនោះរួមមាន៖ អង្ករចំនួន ៧០០ គីឡូក្រាម, មីជាតិចំនួន ២៤ កេស, ទឹកត្រីចំនួន ១២០ ដប, ទឹកស៊ីអ៊ីវចំនួន ១២០ ដប, ត្រីខចំនួន ២០០ កំប៉ុង, ប៊ីចេងចំនួន ៤០ កញ្ចប់, សាប៊ូលុចចំនួន ២៨៨ ដុំ ៕