កំពង់ត្រឡាច៖ ព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាស្រុកកំពង់ត្រឡាច បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌ យោងតាមសេចក្តីណែនាំលេខ ០៧១ ស.ណ.ន ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាល /ក្រុង/ស្រុក/ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់/ក្រុង/ស្រុក/ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ត្រឡាច។
កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលត្រូវធ្វើសមាហរណកម្មនៃរចនាសម្ព័ន្ធថ្មី តំណាងអង្គការសមាគមដែលធ្វើសកម្មភាពនៅក្នុងស្រុក លោកស្រីមេឃុំ ជំទប់ និងស្មៀនឃុំតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន សរុបចំនួន ១៥០នាក់ចូលរួមផងដែរ។
ក្នុងកិច្ចដំណើរការរៀបចំពិធីប្រកាសនោះឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំអំពីដំណើរការរៀបចំពិធីប្រកាសរចនាសម្ព័ន្ធថ្មីគឺ ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានស្របតាមគោលនយោបាយកំណែរទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ដេីម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ អោយមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។
ឯកឧត្តមបានបន្តទៀតថា ក្នុងការអនុវត្តន៍គោលនយោបាយនេះគឺមានគោលបំណងសំខាន់ៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដំណើរការទៅដោយរលូនការពង្រឹងការពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត/ក្រុង ស្រុក/ខណ្ឌ/ឃុំ/សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម ហេង ពិទូ បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ស្រុក កំពង់ត្រឡាច ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍នានា ដែលបម្រើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ៕