កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន រួមជាមួយក្រុមការងារនិងមន្រ្តីអប់រំយុវជននិងកីឡាខេត្តនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការងារសិក្សាអប់រំរបស់ សាលាបឋមសិក្សាអន្លង់អក ស្ថិតក្នុងភូមិអន្លង់អក ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា សាលាបឋមសិក្សាអន្លង់អក ជាសាលាស្ថិតនៅតំបន់ដាច់ស្រយ៉ាលមួយ ហើយបានចាប់ដំណើរការសិក្សាតាំងពីឆ្នាំ២០០៩មកម្លេះ មុនដំបូងបើកកម្រិតថ្នាក់ទី១ ហើយនៅពេលបច្ចុប្បន្ននេះសាលាបឋមសិក្សាអន្លង់អកមានចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ដែលមានសិស្សសរុបចំនួន៦៤នាក់ មានគ្រូបង្រៀនចំនួន៣នាក់ផងដែរ ។
លោកប្រធានមន្ទីរបានឲដឹងទៀតថា ចាប់
តាំងពីដំណើរការសិក្សារហូតមក គឺពុំមានសាលារៀនត្រឹមត្រូវនោះទេ នាខែប្រាំងសិស្សត្រូវរៀននៅក្រោមសាលាបុណ្យភូមិ ដែលមានសភាពចង្អៀតណែន ។ នៅរដូវ
វស្សា សិស្សទៅរៀននៅសាលាមួយកន្លែងទៀត ដែលមានត្រឹមតែគ្រោងសសរ ដំបូល និងក្រាលក្តារ ដែលបានជួយដោយអង្គការដៃគូ ។
ជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ សម្តែងនូវការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបំពេញភារកិច្ចជាគ្រូមកបង្រៀនសិស្សនៅសាលាតំបន់ដាច់ស្រយ៉ាល ជួបការលំបាក ទាំងការស្នាក់នៅ និង ការហូប
ចុកគ្រប់បែបយ៉ាង ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការមកសាលាបឋមសិក្សាអន្លង់អកនាពេលនេះ គឺដើម្បីពិនិត្យអំពីស្ថានភាពជាក់ស្តែង អំពីការលំបាករបស់សិស្ស និង គ្រូ ដែលពុំមានសាលាគ្រប់គ្រាន់ក្នុងការបង្រៀន និង រៀន ដែលរដ្ឋបាលខេត្ត និង មន្ទីរអប់រំនឹងរកវិធីដើម្បីដោះស្រាយការលំបាកចំពោះមុខជាបណ្តោះអាសន្នសិន ហើយនិងអំពាវនាវស្វែងរកសប្បុរសជន និងអង្គការដៃគូរនានា ដើម្បីផ្តល់ការគាំទ្រ ក្នុងការសាងសង់សាលារៀនមួយនេះអោយបានប្រសើរឡើង និង ងាយស្រួល ដល់កាបង្រៀននិងរៀន ។ ព្រោះថាយើងមិនអាចទុកសាលារៀនស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងនោះទេ ត្រូវតែពុះពារដោះស្រាយឲបាន ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានឧត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ ។