រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 3.0ពាន់
  • ដោយ Admin

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

១.ចក្ខុវិស័យអភិវឌ្ឍន៍

ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) របស់ក្រុមប្រឹក្សាខេត្តអាណត្តទី២ បានកំណត់នូវចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដែលមានគោលបំណងសម្រេចឲ្យបានក្នុងរយៈពេលប្រាំឆ្នាំ ក្នុង អាណត្តិរបស់ខ្លួនដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះនានា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ស្របតាម “កម្មវិធី​នយោ​បា​យ​,​យុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣” និង “ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤- ២០១៨”​ របស់​រាជរដ្ឋា​ភិបាល និងដើម្បីរួមចំណែកសម្រេចឲ្យបានជោគជ័យតាមកម្មវិធីនយោបាយ, យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត។

ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនានា សំដៅចូលរួមសម្រេចឲ្យបាននូវគោល ដៅ​នៃការ​កាត់​បន្ថយភាពក្រីក្រក្នុងអត្រាជាង ១% ក្នុងមួយឆ្នាំ​ ក៏ដូចជាគោលដៅផ្សេង ៗទៀត ដែលត្រូវបានកំណត់ក្នុង គោល​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា និងពង្រឹងកិច្ចអភិវឌ្ឍន៍​ប្រកប​​ដោយចីរភាព ស្របតាមគោលដៅ​ចម្បងបួន​នៃ​យុទ្ធសាស្រ្តចតុ កោណដែលមានគោលបំណងសម្រាប់ កំណើន,ការងារ ,សមធម៌ និងធានា​ឲ្យបាននូវ ប្រសិទ្ធ ភាព។ ខេត្តបានកំណត់នូវ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ត ក្នុងក្រប ខ័ណ្ឌសម្រាប់ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) ដែលមានការកំណត់ក្របខ័ណ្ឌអភិវឌ្ឃន៍តាមផ្នែក​ទាំងបួន នៃរចនាសម្ព័ន្ធនៃការរៀបចំ​ផែនការ​អភិវឌ្ឍន៍ខេត្ត ។ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ បានកំណត់ចក្ខុវិស័យអភិវឌ្ឍន៍ខេត្តដូចតទៅ៖

ខេត្តកំពង់ឆ្នាំង មានវឌ្ឍនភាពលើគ្រប់វិស័យ មានសន្តិសុខនយោបាយសង្គម សណ្តាប់​ធ្នាប់​​​​សាធារណៈ លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សមភាព សមធម៌ សេរីភាព យុត្តិធម៌ អភិបាល​កិច្ចល្អ  ធនធានមនុស្ស​ប្រកប​​ដោយសមត្ថភាពជំនាញ មនសិកា​វិជ្ជាជីវៈ ​​និង​សីលធម៌ល្អ  ប្រជាជន​មាន​សុខុមាលភាពល្អ ​វប្បធម៌​ជាតិខ្ពង់ខ្ពស់ សុខដុម​រម្យ​នីយកម្ម​ជំនឿ​សាសនា ​ការ​អភិវឌ្ឍ​និង​អភិរក្ស​លើការគ្រប់គ្រង​ធនធាន​ធម្មជាតិ មានវឌ្ឍនភាព​កំណើន​សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់ប្រជាជន​សមរម្យ សុខដុមរមនា ទាំង​ក្នុង​គ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើនេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២បានដាក់ចេញនូវ   < គោល ការណ៍ណែនាំផ្នែកគោលនយោបាយ ​ > សម្រាប់រៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិ យោគបីឆ្នាំរំកិល​សម្រាប់ជាឧបករណ៍​ណែនាំ ​ តម្រង់ទិសកិច្ចអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត​។​ តាមរយៈគោលការណ៍​ណែ​នាំផ្នែកគោលនយោបាយ ខេត្តបានរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍កំណត់៖ ​គោលបំណង គោលដៅ យុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមបណ្តាផ្នែកដូចខាងក្រោម៖

២.គោលបំណងអភិវឌ្ឍន៍

គោល​​បំណងអភិវឌ្ឍន៍ខេត្តសំខាន់គឺ ធ្វើឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ អភិឌ្ឍន៍សេដ្​ឋកិច្ចឲ្យសម្រេច​បាន​កំណើនខ្ពស់ដើម្បី​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាជនក្នុងខេត្ត  ស្រប​តាមគោលនយោបាយកាត់បន្ថយភាព​ក្រីក្ររបស់រាជរដ្ឋាភិបាល ឲ្យបានយ៉ាងតិច​១% ក្នុង​មួយឆ្នាំ ជីវភាព​រស់នៅ​របស់ប្រជាជន​សមរម្យ សុខដុមរមនា ទាំងក្នុងសង្គម​គ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការឈានទៅសម្រេចឲ្យបានបណ្តាសូចនាករ ឬ ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍របស់ខេត្ត។ ខេត្តបានកំណត់;​គោលបំណង​តាម​ផ្នែកចំបងៗទាំងបួន​នៃរចនា​សម្ព័ន្ធ​​​ ផែនការសម្រាប់សម្រេចចក្ខុវិស័យ ដូចខាងក្រោម៖

៣.គោលបំណងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច

៣.១. កម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តមានការរីកចំរើនឈានទៅការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ដោយធានាបាននូវសន្តិសុខស្បៀង បង្កើនបានប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវស្ថានភាព​អាហា​រូបត្ថម្ភសម្រាប់ប្រជាជន តាមរយៈការ​បង្កើនផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែមលើផលិតផល និងធ្វើឱ្យ​មាន​និរន្តភាពនៃផលិតកម្មកសិកម្មបំរើឱ្យវិស័យឧស្សាហកម្ម និងការនាំចេញ ការធ្វើពិពិធភាវូបនីយកម្ម និងការ​ធ្វើ​ពាណីជ្ជកម្មផលិតផលកសិកម្ម តាមរយៈការបង្កើនផ្ទៃដីស្រោចស្រពលើផ្ទៃដីដាំដុះ​ លើកកម្ពស់ការ ងារ​បង្ក​បង្កើន​​ផល​​របស់​ប្រជាជន ​ពង្រីក​កម្មវិធីប្រពលវប្បកម្ម កាត់បន្ថយមហន្តរាយដែលបណ្តាលពីគ្រោះទឹកជំនន់ និងគ្រោះ​រាំង​ស្ងួត​ ​ ​លើក​កម្ពស់ការគ្រប់គ្រងប្រើប្រាស់ធន ធានទឹកប្រកបដោយប្រសិទ្ធភាពមាននិរន្តរភាព ​។

៣.២.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ប្រភេទ ទាំងផ្លូវទីប្រជុំជន និងផ្លូវជនបទនៅក្នុងខេត្តមាន​ស្ថាន​ភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈ​ការ​ការ​គ្រប់គ្រងការងារ​ថែទាំផ្លូវថ្នល់ឲ្យមាននិរន្តរភាព ការស្តារ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង​ការ​កសាងផ្លូវជនបទជាជំហានៗ ពីផ្លូវក្រាលគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ។ ​ប្រជាជនមាន​ចំ ណេះ​ដឹងច្បាប់ចរាចរណ៍ហើយចូលរួមអនុវត្តយ៉ាងសកម្ម​ដើម្បីធានាសុវត្ថិភាព​ចរាចរណ៍  ។

៣.៣. សេដ្ឋកិច្ចមានវឌ្ឍនភាព លើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជននៅទីប្រជុំជន និងជនបទ បង្កើត​បាននូវឳកាសការងារ​ពីការវិនិយោគ​វិស័យឯកជន មាន​កម្មវិធីបណ្តុះ​បណ្តាលអាជីវកម្ម​សហគ្រាស​ខ្នាត​តូច មុខជំនួញ​គ្រួសារ ផ្តល់បច្ចេកទេស​ជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ។លើកកម្ពស់​សកម្ម​ភាព​​សេដ្ឋកិច្ចទីផ្សារសេរី បង្កលក្ខណៈងាយស្រួលឲ្យផលិតផល និង​ទំនិញ​ធ្វើចរាចរបានដោយសេរី នៅគ្រប់ទី​កន្លែង តាមគោលការណ៍ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារ។ ប្រជាពលរដ្ឋមានថាមពលអគ្គិសនី​ប្រើប្រាស់​សម្រាប់គ្រួសារ និងសកម្មភាពអាជីវកម្ម​ ស្របតាម​គោលដៅ​នៃ​វិស័យថាមពលរបស់រាជរដ្ឋាភិបាល​ពីឆ្នាំ២០១៣​ដល់ ២០១៨​គឺពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យ​ដល់​ភូមិចំនួន​៨០%​​នៃចំនួនភូមិទាំងអស់ ។

៣.៤.លើកកម្ពស់ការគ្រប់គ្រងចំណូល ចំណាយហិរញ្ញវត្ថុសាធារណៈស្របតាមច្បាប់​ តាម រយៈការ ជំរុញការប្រមូលចំណូលថវិកាស្របច្បាប់ទាំងសារពើពន្ធនិងមិនមែនសារពើពន្ធ និងការអនុវត្តគោល​នយោ​បាយ​ ​​យុទ្ធសាស្ត្រវិមជ្ឈការហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល​។ បង្កើនកំណើនចំណូលក្នុងសេដ្ឋកិច្ចខេត្ត តាម​រយៈ​សកម្មភាពមីក្រូហិរញ្ញវត្ថុសម្រាប់បង្កើតមុខរបរអាជីវកម្មខ្នាតតូចប្រចាំគ្រួសារ។​

          ៤.គោលបំណងអភិវឌ្ឍន៍ផ្នែកសង្គមកិច្ច

៤.១.យុវជន​និង​កុមារគ្រប់រូបមានឱកាសស្មើៗគ្នា​ ក្នុងការទទួលបានការអប់រំប្រកប ដោយ​គុណ​​​​​​ភាព ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ បានទទួលការអប់រំ​មូលដ្ឋានក្នុងប្រព័ន្ធ ការអប់រំក្រៅ​ប្រព័ន្ធ ​សិទ្ធ​កុមារ ការមិនរើសអើង​អំពី​ស្ថានភាព​ សង្គមគ្រួសារ ​ ទីតាំងភូមិសាស្ត្រ​  ពូជសាសន៍  សាសនា ភាសា យេនឌ័រ កាយសម្បទា។លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សារួមទាំងការ​បណ្តុះ​​បណ្តាល​បច្ចេកទេស មុខជំនាញ ការបណ្តុះបណ្តាល និងវិក្រឹត្យការគ្រូបង្រៀន​។

៤.២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដោយផ្តល់លទ្ធភាពទទួលបានជាសកលនូវសេវាសុខភាព​ប្រកប​ដោយ​គុណភាព និងសមធម៌ ដើម្បីកែលម្អស្ថានភាពសុខភាព និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី-កុមារ ជនក្រីក្រ ជនងាយរងគ្រោះនិងជនចាស់ជរា ។ស្ថានភាពកាន់តែប្រសើរឡើងនូវសុខភាព​ប្រជាជន ដែលជាមូលដ្ឋានមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច​ ។ សេវាសុខា​ភិបាលសាធារណៈកាន់​តែខិតជិតប្រជាជន ​តាមរយៈសកម្មភាពចុះផ្តល់សេវាសុខភាព​តាមភូមិ យន្តការលើក​លែងការបង់ថ្លៃសម្រាប់ប្រជាជនក្រីក្រ និងការពង្រីកមូលនិធិសមធម៌បង់ថ្លៃជួស ។ ​មន្រ្តីសុខាភិបាលមាន​សមត្ថ​ភាព​ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវាជូនប្រជាជនប្រ កប​ដោយ​ភាព​ថ្លៃថ្នូរ យកចិត្តទុកដាក់ពិនិត្យ និង​ព្យាបាលអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង ។

៤.៣.មានវឌ្ឍនភាពការងារ ប្រជាជនមានការងារធ្វើ ទទួលបានសិទ្ធិ ផលប្រយោជន៍ស្រប​ច្បាប់​របស់និយោជក កម្មករ និយោជិកត្រូវបានការពារដោយច្បាប់ការងារ ។មានប្រព័ន្ធសុខភាព សុវត្ថិភាព​ការងារ​នៅតាមរោងចក្រសហគ្រាសនានានៅក្នុងខេត្តបានល្អប្រសើរ  ប្រព័ន្ធ​ផ្សព្វផ្សាយ និងយន្តការ​សេវា​រក​ការងារធ្វើ​ស្របច្បាប់សម្រាប់ពលករទាំងនៅក្នុងខេត្ត ក្នុងប្រទេស ​ ក្រៅប្រទេស ។​កម្លាំង​ពលកម្មទទួលបានការ​បណ្តុះ​បណ្តាលជំ នាញ​វិជ្ជាជីវៈស្របតាមទីផ្សារការងារដែលត្រូវការ​។ លើកកម្ពស់ស្ថានភាពសង្គមកិច្ច របស់​ប្រជាជន កាន់តែប្រសើរឡើង ដោយមានសេវាសង្គមកិច្ចសម្រាប់ជួយជនរងគ្រោះ និង ជនងាយ​រងគ្រោះ​គ្រប់​ប្រភេទ តាមរយៈអន្តរាគមន៍សង្គមកិច្ច ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ និង ជនរងគ្រោះ​មហន្តរាយ​ផ្សេងៗ កម្មវិធី​សង្រ្គោះបន្ទាន់ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន​ កម្មវិធីដោះស្រាយ​បញ្ហាជន​អនាថា  ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និង កម្មវិ​ធី​អភិ​វឌ្ឍន៍​​​មនុស្ស​ចាស់​តាមសហគមន៍ និង កម្មវិធីថែទាំមនុស្សចាស់ ។

៤.៤.លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីថែរក្សាការពារបេតិកភណ្ឌ​វប្បធម៌​ជាតិទាំងរូបី និងអរូបីឲ្យ​ស្ថិតស្ថេរគង់វង្ស ។ យុវជន និងកុមារឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ​។​ លើកកម្ពស់សេរីភាពខាងជំនឿ និងសាសនា ដោយ​ពង្រឹង​សុខដុមនីយកម្មរវាងសាសនិកគ្រប់សាសនា និងពង្រឹងពង្រីកពុទ្ធិកសិក្សា នៅគ្រប់កម្រិត​ឲ្យបានសមស្រប​តាម​និយាមគរុកោសល្យ ដោយធានាបានទាំងបរិមាណ និងគុណភាព ។ លើកកម្ពស់ស្ថានភាព នឹងតួនាទីរបស់ស្រ្តី កាន់តែទទួលបាននូវកាលានុវត្តភាពការងារ សមាមាត្រការ​ចូលរួមរបស់ស្រី្ត​កាន់តែច្រើនឡើងក្នុងតួនាទីធ្វើ​សេចក្តីសម្រេចចិត្ត ​លើកកម្ពស់សមភាពយេនឌ័រ​ លុបបំបាត់​អំពើ​ហឹង្សា​ក្នុងគ្រួសារ,អំពើជួញដូរមនុស្ស​ ,ការធ្វើ​អាជីវកម្មផ្លូវភេទ  ​មានវប្បធម៌អហិង្សាក្នុងគ្រួសារ​ និង​សហ​គមន៍ ធានាឲ្យកុមារទទួលបានពិតប្រាកដ​នូវ​សិទ្ធិ​ជា​មូលដ្ឋានទាំងបួនរបស់កុមារ ។

៥.គោលបំណងអភិវឌ្ឍន៍ផ្នែកប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

៥.១.ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី ទីផ្សារដីធ្លី   ទប់ស្កាត់ឫដោះស្រាយទំនាស់ដីធ្លីទាំងឡាយតាមរយៈការរៀបចំគ្រប់គ្រងដែនដី ការពារសិទ្ធិលើការគ្រប់គ្រងដីធ្លីរបស់ប្រជាជន ដីរដ្ឋ ដីឯកជន និងដី​សហគមន៍ដើម្បីធានាសុវត្ថិភាព​នៃការកាន់កាប់ប្រើប្រាស់ដីដោយសមធម៌ ចិរភាព និងមានប្រសិទ្ធិភាព ។​ បែង​ចែកដីធ្លីសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ គ្រួសារយោធិន ប្រកបដោយសមធម៌​ ដើម្បីមានដីសម្រាប់​លំនៅ​ដ្ឋាន និងផលិតកម្ម។

៥.២. អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល, ធនធានព្រៃឈើ,ការពារតំបន់ជីវៈចម្រុះ  ការពារ​និង​គ្រប់គ្រងការប្រើ​​ប្រាស់ធនធានធម្មជាតិប្រកប​ដោយនិរន្តរភាព​។​ ធានាបាននូវគុណភាពបរិស្ថានដើម្បី​សុខភាព​​សាធារណៈ រូមចំណែក​លើក​ស្ទួយសេដ្ឋកិច្ចសង្គម ត្រួតពិនិត្យទប់ស្កាត់ កាត់បន្ថយការ​បំពុលបរិស្ថានដោយកាក​សំណល់រឹង-រាវ ការពារ​គុណ​ភាពទឹក ដី  ខ្យល់ ។

៥.៣.អភិវឌ្ឍន៍ និងគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ ប្រជា ជន និង​ផលិតកម្មតាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ថ្លៃសមរម្យ ដើម្បីលើកកម្ពស់​សុខុមាល​ភាព កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យគ្រ​ប់គ្រាន់ សម្រាប់ប្រជាជន​រស់នៅក្នុង​តំបន់ទី​ប្រជុំ​ជន និងជនបទ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ។ បង្ការទប់ស្កាត់ ការកាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ អន្តរាគមន៍​ជួយប្រជាជនដែល​ត្រូវរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងកិច្ច​គាំពារ​បន្ស៊ាំ​ទៅនឹងការប្រែប្រួល​អាកាសធាតុ​ដើម្បីកាត់​បន្ថយ​​​ការ​បាត់បង់ ខូចខាត ពីឥទ្ធិពលនៃការ​ប្រែប្រួល​អាកាសធាតុ។

៦.គោលបំណងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រងរដ្ឋបាល សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ

៦.១.ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបាន​ល្អប្រសើរ និងសុវត្ថិភាពសង្គម។ទប់ស្កាត់  និង បង្រ្កាបបទល្មើស​គ្រប់​ប្រភេទដើម្បី​បង្កភាពកក់ក្ដៅ​ក្នុងការ​រស់​នៅ​​ដោយសុខសាន្ត និងការប្រកបមុខរបររបស់ប្រជាជន ។ ពង្រឹងអភិបាលកិច្ចល្អ ក្នុងគោលបំណង បង្ការ ទប់​ស្កាត់​សំដៅប្រឆំាងអំពើ​ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា អនុវត្ដច្បាប់ ការគោរព​សិទ្ធិ និងសេច ក្ដី​​ថ្ងៃថ្នូររបស់មនុស្ស ក្នុងគ្រប់ទិដ្ឋភាពទាំងអស់​ដែលផ្ដល់នូវកាលានុវត្ដភាព​ប្រកបដោយ​សមធម៌​ជូន​ប្រជាជនគ្រប់រូប  ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិ​ស្របច្បាប់នៅ​ក្នុងសង្គម ។

៦.២. លើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈ របស់មន្រ្តីរាជការ ដើម្បីប្រែក្លាយទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាជនបានកាន់ តែ​ល្អ​ប្រសើរ  និងធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាពនៃសេវា  លុបបំបាត់ការយកកម្រៃសេវាខុសច្បាប់។ អនុវត្ត​យ៉ាងសកម្មគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល សំដៅឲ្យរដ្ឋបាល​សាធា​រណៈ​ក្នុងដែនសមត្ថ កិច្ចរបស់ខេត្តកាន់តែមានភាពឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿ ទុកចិត្ត។