ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រារព្ធនៅក្នុងទីតាំងសាលាស្រុកទឹកផុស។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងឃុំចំនួន៦ ឃុំអភិវឌ្ឍន៍ ឃុំខ្លុងពពក ឃុំក្រាំងស្គារ ឃុំតាំងក្រសាំង ឃុំចោងម៉ោង និងឃុំក្តុលសែនជ័យ សរុបប្រមាណ ៣១៩នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាន បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ ឯកឧត្តមប្រធាន បានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
អង្គវេទិកាបានដំណើរការ ក្នុងនោះទទួលបានសំណូមពរ និងសំណួរ ចំនួន១៩ ដែលបានពីបងប្អូនប្រជាពលរដ្ឋ ត្រូវបានអង្គវេទិកាសាធារណៈបកស្រាយចម្ងល់ និងឆ្លើយតបនូវសំណូមពរចាំបាច់ និងបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ។ ចំពោះបញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារនឹងធ្វើការពាំនាំរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីរិះរកវិធីដោះស្រាយឲ្យបានឆាប់រហ័សបំផុត ៕