កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រាសន៍ដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែតុលា និងប្រចាំត្រីមាស ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ការធ្វើបច្ចុប្បន្នភាពបញ្ហាប្រឈម និងទិសដៅពិតជាមានសារ:សំខាន់ ដែលបានឆ្លុះបញ្ចាំងពីការឆ្លើយតប ឬដំណោះស្រាយចំពោះបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍មុនៗ ចៀសវាងបញ្ហាប្រឈមដដែលៗ និងការលើកទិសដៅអនុវត្តការងារបន្តក៏ដដែលៗ។
បន្ថែមពីនោះ ឯកឧត្តម ក៏បានជម្រុញឱ្យតំណាងមន្ទីរ និងមន្ត្រីជំនាញ ពិនិត្យមើល និងកែសម្រួលទិន្នន័យ ខ្លឹមសារមួយចំនួនដើម្បីឱ្យការិយាល័យទទួលបន្ទុកធ្វើការកែសម្រួលជាថ្មីមុននឹងដាក់ឆ្លងអនុម័តពីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។