រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំពិធីដាំដេីមឈេី​ ប្រលែងកូនត្រី​ និងបោះជំរំយុវជន ប្រចាំឆ្នាំ២០១៩

  • 644
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃសៅរ៍​ ១៣​រោច​ ខែអស្សុជ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៦​ ខែ​ តុលា​ ឆ្នាំ ២០១៩​ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញជាអធិបតីភាព ក្នុងពិធី ដាំដេីមឈេី​ ប្រលែងកូនត្រី​ និងបោះជំរំ នៅកសិដ្ឋានយុវជនភ្នំដេីមផ្កា​ (ឈ្វាំង)​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង​ និងសហភាពពសហព័ន្ធយុវជនក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ក្នុងខេត្ត។

ឯកឧត្ដម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានមតិស្វាគមន៍ៈ ការបោះជំរំនេះមានគោលបំណង ឱ្យយុវជន រៀនរស់នៅជាមួយធម្មជាតិ និងបង្កើនភាពជឿជាក់ដោយខ្លួនឯង ចេះធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីឲ្យពួកគេ មានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំ ក្លាយខ្លួនជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព។

ឯកឧត្ដម បានបន្តទៀតថាៈ ក្រៅពីពិធី ដាំដេីមឈេី​ ប្រលែងកូនត្រី​ និងបោះជំរំនេះ ក៏មាននូវកម្មវិធីផ្សេងៗមួយចំនួនទៀតដូចជា៖ កីឡាជិះកង់ប្រណាំងរយះចម្ងាយ ៣០គីឡូម៉ែត្រ រត់ និងដើរប្រណាំង កីឡាប្រណាំងទូក និងកម្មវិធីការរាំងលេងកម្សាន្តនាពេលរាត្រីផងដែរ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានជួយផ្តល់នូវកូនឈើ និងកូនត្រី ព្រមទាំងការសម្របសម្រួលរៀបចំក្នុងពិធីបោះជំរំនេះផងដែរ។ សូមបញ្ជាក់ផងដែរថា ការបោះជំរំនេះមានរយៈ ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរដល់យុវជនទាំងអស់ត្រូវខិតខំរៀនសូត្រពីគ្នាទៅវិញទៅមកអោយបានច្រើន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលខាងមុខ។ ចុងបញ្ចប់គណៈអធិបតីបានថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ និងក្រុមយុវជនទាំងអស់ និងក្រុមកីឡាជិះកង់ផងដែរ ៕

អត្ថបទទាក់ទង