កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជម្រុញឱ្យថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។ ឯកឧត្ដមបានជម្រុញបែបនេះ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីពិនិត្យលើបញ្ហាដែលនៅសេសសល់ និងរៀបចំផែនការសម្រាប់ធ្វើវេទិកាសាធារណៈ ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី ពីបញ្ហាសន្តិសុខ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក សមាជិក សមាជិការបស់ក្រុមការងារ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងស្រុកទាំងអស់។
ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចបាន៖
១. ពិនិត្យ និងដោះស្រាយបន្តលើបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
២. ត្រៀមប្រតិទិន ដើម្បីរៀបចំផែនការសម្រាប់ធ្វើវេទិកាសាធារណៈ ឆ្នាំ២០២០។
៣. ផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី របស់ក្រសួងមហាផ្ទៃ ដល់សមាជិក សមាជិកា ក្រុមការងារ។
ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកសាគ្គីមានជ័យទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួន ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព អោយបានគង់វង្សទុកអោយក្មេងជំនាន់ក្រោយ និងប្រឆាំងដាច់ខាត់រាល់ឧបាយកលពួកជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ៕