នៅថ្ងៃសុក្រ ៥រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារ នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយនឹងអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទេីបសម្រាលកូន ដែលមានជីវភាពលំបាកចំនួន ១២០គ្រួសារ រស់នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវព្រះរាជបន្ទូលរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែគិតគូរពីការរស់នៅរបស់ប្រជានុរាស្ត្រដែល ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ។ ជាមួយនឹងការគិតគូរនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដេីម្បីសុខភាពស្ត្រីនិងកុមារ ក៏សូមផ្តាំផ្ញេីជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនក្មួយៗជាស្ត្រីមានផ្ទៃពោះ និងអ្នកដែលទេីបសម្រាលកូន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងត្រូវសម្រាលកូននៅមណ្ឌលសុខភាព ដេីម្បីសុវត្ថិភាពនិងទប់ស្កាត់ការចម្លងជំងឺនានា។ ជាមួយគ្នានេះ សូមបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ឱ្យបាន៦ខែដំបូង និងផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវសេចក្តីអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតដោយក្តីរីករាយ និងចូលរួមថែរក្សា ការពារសុខសន្តិភាព ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលជាបាវចនាជាតិដ៏រុងរឿង ហេីយជៀសវាងរាល់ការឃោសនាអគតិនានាដែលបំផ្លាញសុភមង្គល ភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជន និងប្រទេសជាតិយេីង។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន សាប៊ូដុំ ៣ដុំ និងសាប៊ូទឹកបោកខោអាវ ១ដប ជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង អង្ករ ៣០គីឡូក្រាម មីយេីង ១កេស ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត ជាអំណោយរបស់កាកបាទក្រហមកម្ពុជា។