ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកជលគីរី មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ តំណាងសហគមន៍ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសរុប១៩៧នាក់។
ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា គោលបំណងនៃវេទិកាគឺដើម្បី៖
១. ផ្សព្វផ្សាយអំពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តរយ:ពេលមួយឆ្នាំ
២. ការឆ្លើយតបចំពោះសំណើ សំណូមពរនានា
៣. ការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាដល់អ្នកចូលរួម
៤. ការប្រមូលមតិយោបល់នានាពីអ្នកចូលរួម ដើម្បីលើកកំពស់ការឆ្លើយតបចំពោះតម្រូវការរបស់មូលដ្ឋាន
៥. លើកកំពស់ការផ្ដល់សេវា និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានវាយម្លៃខ្ពស់ និងកោតសរសើរដល់អាជ្ញាធរ និងមន្ត្រីជំនាញដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ ស្ថាប័ន និងខិតខំសហការចូលរួមអភិវឌ្ឍខេត្តកំពង់ឆ្នាំងឱ្យមានការរីកចំរើនជាលំដាប់ និងលំដាប់។
ឯកឧត្តម បានបន្តទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ពិតជាមានសារ:សំខាន់ដោយបានឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្ត ព្រមទាំងការផ្ដល់យោបល់កែលំអនូវចំណុចខ្វះខាតដើម្បីឱ្យការអភិវឌ្ឍនៅក្នុងមូលដ្ឋានកាន់តែមានភាពប្រសើរជាងមុន។
បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញតាមអង្គភាពជុំវិញខេត្ត សហការគ្នាចូលរួមដោះស្រាយបញ្ហា ក៏ដូចជាកង្វល់នានារបស់ប្រជាពលរដ្ឋ និងខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។