កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើក កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើនរូប។
ឯកឧត្តមអម សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្សព្វផ្សាយសារាចរណែនាំលេខ០៨ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ និងសេចក្ដីណែនាំលេខ០០១ របស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយស្ដីពីការតាមដាន ត្រួតពិនិត្យព្រឹត្តិការណ៍ និងការត្រៀមឆ្លើយតបគ្រោះទឹកជំនន់។ ក្នុងនោះដែរ លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានធ្វើបទបង្ហាញពីផែនការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់របស់រដ្ឋបាលខេត្ត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗដូចខាងក្រោម៖
១. វិធានការគ្រប់គ្រងគ្រោះមហន្តរាយ។ ពាក់ព័ន្ធនឹងវិធាននេះ គ្រប់គណៈកម្មាធិការទាំងអស់ ត្រូវមានមន្ត្រីប្រចាំការ, តាមដានសភាពការណ៍ឱ្យជាប់ និងរហ័សរហួនរាយការណ៍ ឬក៏ផ្សព្វផ្សាយព័ត៌មាន ហើយរាយការណ៍គឺឱ្យឆាប់បំផុត ដោយមិនគិតថាពេលយល់ ឬពេលថ្ងៃនោះទេ និងកំណត់ភូមិសាស្ត្រគ្រោះមហន្តរាយឱ្យបានច្បាស់លាស់ផងដែរ។
២.វិធានការត្រៀមលក្ខណៈ។ ចំពោះវិធានការនេះ ឯកឧត្តមប្រធានបានលើកឡើងដោយគូសបញ្ជាក់ថា គ្រប់គណៈកម្មាធិការ ឬមន្ទីរអង្គភាពទាំងត្រូវត្រៀម៖
ទី១. កម្លាំង ដែលកម្លាំងនោះបូករួមទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។ទី២. ការដឹកនាំ ត្រូវត្រៀមជាស្រេចថាអ្នកណាត្រូវធ្វើជាអ្នកដឹកនាំក្នុងក្រុមរបស់ខ្លួន។ ទី៣. មធ្យោបាយ គឺប្រើប្រាស់យន្តការមធ្យោបាយសរុប។ ទី៤. ហ្វឹកហាត់ ការហ្វឹកហាត់នេះ ផ្ដោតជាសំខាន់លើកម្លាំងទាំងបីមានប៉ូលីស ប៉េអឹម និងយោធា បើមិនមានការហ្វឹកហាត់ទេនឹងមានបញ្ហាក្នុងពេលការឆ្លើយសង្គ្រោះបន្ទាន់។ ទី៥. ទីទួលសុវត្ថិភាព ពិនិត្យមើលថាមានបន្ទប់ទឹក ទឹកស្អាត និងសម្ភារៈបរិក្ខាចាំបាច់គ្រប់គ្រាន់ដែរឬទេ? ទី៦. ត្រៀមសម្ភារៈ ស្បៀង ថ្នាំសង្កូវ។ល។
៣.វិធានការឆ្លើយតប។ នៅក្នុងវិធានការឆ្លើយតប ឯកឧត្តម បានលើកឡើងបួនចំណុច ។ចំណុចទី១ បន្ទាន់ មានន័យថា ក្រុមការងារគ្រប់គ្រោះមហន្តរាយភូមិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ត្រូវរាយការណ៍ជាបន្ទាន់អំពីព្រឹត្តិការណ៍ ឬឧបទ្ទវហេតុណាមួយភ្លាមៗ។ ចំណុចទី២ សង្គ្រោះ ជាអាទិភាពមុនគេគឺមនុស្ស បន្ទាប់មកសត្វពាហនៈ និងបន្តបន្ទាប់ទៀតតាមការចាំបាច់ ។ ចំណុចទី៣ វិធានការមធ្យម គឺត្រូវ បន្ដជួស ជុលហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់ពូជស្រូវ។ល។ ចំណុចទី៤ វិធានការរយៈពេល វែង ដែលវិធានការនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវគិតគូអំពីយុទ្ធសាស្ត្រ ថាត្រូវប្រើយុទ្ធសាស្ត្របែបម៉េចដើម្បីឱ្យការអភិវឌ្ឍមាននិរន្តរភាព។
បន្ថែម ពីនោះ ឯកឧត្តម អភិបាល ខេត្ត ក៏បាន ក្រើន រំលឹក ថា ទូរសព្ទ គឺត្រូវ បើក និង ទទួល ជាប្រចាំ មិន ថា ពេល យប់ ឬពេល ថ្ងៃនោះទេ ព្រោះ រថាការ ផ្ដល់ សេវា សាធារណៈជូន ប្រជាពលរដ្ឋ គឺ គ្រប់ពេល ទាំងអស់ ដោយ សារ រឿង ឬករណី គ្រោះ មហន្តរាយវា កើត ឡើង មិន បាន កំណត់ ពេល នោះទេ។