កំពង់ឆ្នាំងៈ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវ ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវធ្វើជាគម្រូគេក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអោយប្រជាពលរដ្ឋចូលរួមអនុវត្តតាម ។
ឯកឧត្តមបានអំពាវនាវបែបនេះ នៅក្នុងឱកាសបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់មន្រ្តីរាជការមកពីមន្ទីរអង្គភាពចំនួន៤សរុបចំនួន៥២នាក់ក្នុងខេត្ត កំពង់ឆ្នាំងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នៅ សាលប្រជុំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
ឯកឧត្តមអៀង វុធបានមានប្រសាសន៍បន្តថាមូលហេតុដែលរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោកនាពេលនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នូវជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការលប់បំបាត់ ព្រោះវាជាកត្តាធ្វើឲ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។កត្តាដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ ។
ឯកឧត្តម អៀង វុធ បានផ្តាំផ្ញើដល់ មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្រូវតែចូលរួមអោយបានសស្រាក់សស្រាំ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ និង ត្រូវធ្វើជាគំរូល្អនៃការគោរពច្បាប់ចរាចរណ៍និងត្រូវធ្វើការផ្សព្វផ្សាយបន្តទៀតដល់មន្រ្តីថ្នាក់ក្រោមរបស់ និង ក្រុមគ្រួសារដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត និងឈានទៅដល់ការលុបបំបាត់ទាំងស្រុង នូវរាល់គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ។
លោកមាស ឈុន លី ប្រធានការិយាល័យសុវត្ថិ
ភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនបានអោយដឹងថាៈ វគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍នាពេលនេះជាលើកទី៣ហើយមកដល់ថ្ងៃនេះបានចំនួន១១មន្ទីរមន្រ្តីរាជការក្នុងខេត្តកំពង់ឆ្នាំងចូលរួមសរុបចំនួន១៦៥នាក់៕