ព្រឹកថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុសនិងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នៅឃុំទាំង០៩ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩។ ពិធីនេះប្រារព្ធនៅសាលាឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង, ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង និងប្រជាពលរដ្ឋសរុបប្រមាណ ៣៩២នាក់។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមប្រធានបានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធាន បានបើកវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍អោយមានប្រសិទ្ធភាពផងដែរ៕