នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅស្រុកសាមគ្គីមានជ័យ បានបើកវេទិកាសាធារណៈ ស្តីពីការទទួលព័ត៌មានជាសាធារណៈ ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ដើម្បីឆ្លើយតបឱ្យសមស្របជាមួយផែនការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ។ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំស្វាយ និងឃុំសេដ្ឋី ក្នុងស្រុកសាមគ្គីមានជ័យ សមាសភាពចូលរួមសរុបប្រមាណ ៤៥០នាក់ ៕