ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធ សករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង០០នាទីព្រឹក ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់ក្រសួង ចុះពិនិត្យដល់ទីតាំងចំពោះសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានលើកឡើងក្នុងវេទិកាសាធារណ: របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ នៅក្នុងបរិវេណវត្តអង្គចន្ទសុវណ្ណរាជា ហៅវត្តច្រកស្តេច កាលពីថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក។
សំណូមពររបស់ប្រជាពលរដ្ឋនៅភូមិច្រកត្នោត ក្នុងឃុំឈានឡើង ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយសម្រួលលូចំនួន ០២ កន្លែង ដែលការដ្ឋានសាងសង់ផ្លូវរបស់កងវិស្វកម្មនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលប់លូកាត់ផ្លូវដែលធ្លាប់មានកន្លងមក។ នៅពេលភ្លៀងបានបណ្តាលឲ្យស្ទះទឹកហូរកាត់ផ្លូវ ជន់លេចផ្ទះ និងផលដំណាំប្រជាពលរដ្ឋ។
បន្ទាប់ពីបានទួលសំណូមពររបស់ប្រជាពរដ្ឋរួចមក លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំការិយាល័យ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យដល់ទីតាំង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់វិធានការណ៍ដោះស្រាយ និងគោរពរាយការណ៍ដើម្បីសុំគោលការណ៍សហការពីក្រសួង ស្ថាប័ន អង្គភាព និងគ្រប់អ្នកពាក់ព័ន្ធដើម្បីសម្របសម្រួល និងចាត់ វិធានការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍។
ទើបនៅព្រឹកនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងាររបស់ក្រសួង បានចុះពិនិត្យដល់ទីតាំងចំពោះសំណូមពរ និងបញ្ហាប្រឈមប្រជាពលរដ្ឋជាក់ស្តែងនៅមូលដ្ឋាន និងបានផ្តល់អនុសាសន៍ដើម្បីចាត់វិធានការដូចខាងក្រោម÷
ទី១÷ ចំពោះលូចាស់ នៅម្តុំមុខផ្ទះលោកសួន ផល ដែលក្រុមកងវិស្វកម្មនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលប់លូកាត់ផ្លូវដែលធ្លាប់មានកន្លងមក ដោយនៅពេលភ្លៀងម្តងៗបានបណ្តាលឲ្យជន់លេចផ្ទះ ផលដំណាំប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារ និងនាំឲ្យទឹកហូរកាត់ផ្លូវ។ ឯកឧត្តមបណ្ឌិតបានចាត់ឲ្យក្រុមការងាររបស់ក្រសួង និងរដ្ឋបាលស្រុក សម្របសម្រួលជាមួយអង្គភាព និងភាគីពាក់ព័ន្ធកាយប្រឡាយស្នាមភ្លោះស្របផ្នូវដើម្បីជម្លៀសទឹកឲ្យហូរតាមលូនៅម្តុំមុខផ្ទះ គន់ ហ៉ី វិញ។ ប្រឡាយស្នាមភ្លោះនេះ មានប្រវែងប្រមាណ ៣០០ ម៉ែត្រ។
ទី២÷ ចំពោះលូចាស់ នៅម្តុំមុខផ្ទះលោក អ៊ុត សាវិន ដែលក្រុមកងវិស្វកម្មនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលប់លូកាត់ផ្លូវដែលធ្លាប់មានកន្លងមក ដោយនៅពេលភ្លៀងម្តងៗបានបណ្តាលឲ្យជន់លេចផ្ទះ ផលដំណាំប្រជាពលរដ្ឋប្រមាណ ០៥ គ្រួសារ និងនាំឲ្យទឹកហូរកាត់ផ្លូវ។ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាន៍ថា ទីតាំងនេះគួរតែដាក់លូកាត់ផ្លូវ បើមិនដាក់លូបន្ថែមទេ គឺធ្វើឲ្យផ្លូវម្តុំហ្នឹងឆាប់ខូច ឬទឹកហូរកាត់នាំឲ្យបាក់ផ្លូវម្តុំនេះ។ ឯកឧត្តមបណ្ឌិត ក៏បានចាត់ឲ្យក្រុមការងាររបស់ក្រសួង និងរដ្ឋបាលស្រុក សម្របសម្រួលជាមួយអង្គភាព និងភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពសាងសង់លូបន្ថែម ០១ កន្លែង នៅទីតាំងនេះដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
ការចុះពិនិត្យដល់ទីតាំងនេះក៏មានការចូលរួមអមដំណើររបស់ លោកអភិបាលស្រុក, មេឃុំ និងក្រុមប្រឹក្សាឃុំឈានឡើង , ថ្នាក់ដឹកនាំភូមិច្រកត្នោត និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
បន្ទាប់ពីនិត្យស្ថានភាពជាក់ស្តែងនៅភូមិច្រកត្នោត ឃុំឈានឡើងរួចមក ឯកឧត្តមបណ្ឌិត និងប្រតិភូអមដំណើរ លោកអភិបាលស្រុក បានអញ្ជើញបន្តដំណើរដើម្បីពិនិត្យស្ថានភាពនានាក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ បន្ថែមទៀត ៕