កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញដល់អាជ្ញាធរក្រុងស្រុកនិង មន្ទីរអង្គភាពជុំវិញខេត្តត្រូវរួមគ្នាលើកកម្ពស់នៃការអភិវឌ្ឍខេត្តកំពង់ឆ្នាំង ទាំងបរិស្ថាន អនាម័យសោភ័ណភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២ ។
ឯកឧត្តមបានជំរុញបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យចលនាប្រលងប្រណាំងទីក្រុងទេសចរណ៍អាស៊ានលើកទី២ ឆ្នាំ២០២០ នារសៀលថ្ងៃទី២ ខែសីហាឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្តនិងអភិបាលក្រុងស្រុកទាំង៨ផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ ដើម្បីទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២នេះ ទាល់តែខេត្តកំពង់ឆ្នាំងជាពិសេសក្រុងកំពង់ឆ្នាំងរបស់យើងអនុវត្តអោយបានដូចជា ត្រូវពង្រឹងការគ្រប់គ្រងសំណល់រឹង (ការវេចខ្ចប់ទុកដាក់ ការប្រមូលសំរាម) ។ ការរក្សាភាពស្អាតនៅតាមទីសាធារណៈ (សួន ផ្លូវសំខាន់ៗក្នុងក្រុង និងផ្លូវចូលក្រុង) ការរៀបចំ និងថែទាំបង្គន់អនាម័យសាធារណៈ ។ ការរៀបចំសាងសង់បន្ថែម និងពង្រឹងការគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ឲ្យបានសមស្របតាមទំហំនិងកំណើនទេសចរណ៍ និង ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ។ដើម្បីប្រជែងយកជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី២នេះបាន អាជ្ញាធរក្រុងស្រុក មន្ទីរនានាក្នុងខេត្តត្រូវសហការគ្នារៀបចំអោយនូវកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងពិសេសក្រុងកំពង់ឆ្នាំងអោយក្លាយជាទីក្រុងដែលមានសក្តានុពលខ្លាំងក្លា ប្រកបដោយភាពទាក់ទាញ ។
ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈ នាឆ្នាំនេះ រាជរដ្ឋាភិបាលបានប្រកាសជ្រើសរើសបេក្ខភាពខេត្តថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ត្រូវបានដាក់ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សម្រាប់ជ័យលាភីឆ្នាំ២០២០ដូចជាក្រុងកំពង់ឆ្នាំង ក្រុងកំពត ក្រុង ខណ្ឌដូនពេញ ក្រុងកំពង់ចាម ក្រុងពោធិសាត់ និង ក្រុងតាខ្មៅ ។