ភ្នំក្រាំងដីមាស ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីទីរួមខេត្តឆ្ពោះទៅខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ២៨៨ហិចតា។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកទស្សនារមណីយដ្ឋាននេះរៀងរាល់ថ្ងៃ ដោយឡើងទៅលើកំពូលភ្នំតាមផ្លូវបេតុង។ នៅលើកំពូលភ្នំ ភ្ញៀវទេសចរនឹងបានឃើញ និងទស្ស-នា វត្តធម្មវ័ន្ម ដែលវត្តនេះជាទីនិយមសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ក្រៅពីធ្វើបុណ្យទានតាមព្រះពុទ្ធសាសនា ភ្ញៀវទេសចរក៏អាចដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃវាលស្រែពណ៌បៃតងស្រស់ ដើមត្នោត ផ្ទៃទឹកទន្លេសាប ភូមិឋានប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ពីលើកំពូលភ្នំ ។បន្ថែមពីនេះ ភ្ញៀវទេសចរអាចជិះកង់កម្សាន្ត គយគន់ ទេសភាពតាមដងភ្នំក្រាំងដីមាស ទិញវត្ថុអនុស្សាវរីយ៍ និងទស្សនាការផលិតវត្ថុអនុស្សាវរីយ៍ផ្សេងៗផលិតពីដីឥដ្ឋ នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រៅពីនោះ នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនៅមិនឆ្ងាយពីភ្នំក្រាំងដីមាស ភ្ញៀវទេសចរអាចធ្វើដំណើរតាមរថយន្ត និងម៉ូតូកងបី ទៅទស្សនាប្រជាពលរដ្ឋឡើងត្នោត ដើម្បីយកទឹកត្នោតរម្ងាស់ធ្វើជាស្ករ ឬល្ងូ។
ភ្នំក្រាំងដីមាស
- 1.4ពាន់
- ដោយ phalkunnou