កំពង់ឆ្នាំងៈ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវ នឹង ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីបុណ្យមាឃបូជា នៅ វត្តអារញ្ញិការាមស្ថិតក្នុង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតីព្រះមេគណ ខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន អភិបាល រងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុកំពង់ឆ្នាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពុទ្ធបរិស័ទ ព្រះសង្ឃក្នុងវត្ត និមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។
ក្នុងពិធីនោះបានប្រារព្ធធ្វើតាមលំដាប់លំដោយនៃប្រពៃណីព្រះពុទ្ធសាសនា និង ដង្ហែរប្រទស្សិណជុំវិញព្រះវិហារដើម្បីផ្សព្វផ្សាយបុណ្យមាឃបូជា និង ពិធីជាច្រើនទៀត ជាពិសេសបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ ។
លោក យិន សាវ៉េន បានមានប្រសាសន៍បញ្ជាក់ថាៈពិធីបុណ្យជាតិធំៗ ក៏ដូច ជាពិធីបុណ្យ ផ្សេងៗទៀត ដោយមិនប្រកាន់សាសនា ហើយមានឱកាស ប្រារព្ធ ធ្វើពិធីបុណ្យទៅបានដោយសារប្រទេសមានសុខ សន្តិភាពពេញលេញ និង មាន ស្ថិរភាពនយោបាយ ។ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ណាស់ ថា ប្រជាពលរដ្ឋ មិនមានឱកាស អាចប្រារព្ធពិធីបុណ្យដ៏ធំសម្បើមទូទាំង ប្រទេស បែបនេះបានទេ។
លោក យិន សាវ៉េន បានប្រសាសន៍បន្តថាៈការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និង អាពាចក្រ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពុទ្ធបរិស័ទខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យតាមសាសនា នានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ នៅតាមវត្តអារាម ត្រូវបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និង ការកាប់សម្លាប់ ដូចសម័យ លន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ ដែល រង ការ បំផ្លាញខ្ទេចខ្ទាំ គ្មានសល់ ។ ជាពិសេសសម័យ ប៉ុល ពត កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យសាហាវឃោរឃៅ យង់ឃ្នង ដែល សម័ល កាលនោះ ត្រូវ បាន ពលរដ្ឋខ្មែរ ចាត់ទុក និង ចារទុកជាប្រវត្តិសាស្ត្រ ថា ជា ស្រមោលដ៏ខ្មៅងងឹត គុកឥតជញ្ជាំង នាអតីតកាលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បាន ចងចាំ ស្អប់ខ្ពើម គ្មានថ្ងៃភ្លេច ប្រឆាំងដាច់ខាតកុំអោយមានសម័យនោះលើកទី២លើទឹកដីកម្ពុជាទៀត។
ឯកឧត្តម យិន សាវ៉េន ក៏បានអំពាវនាវដល់ ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើនមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំអោយកើតក្នុងគ្រួសារនិងសហគមន៍ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ព្រះរតនមុនីញាណ កែវ មុនី បានមានសង្ឃដីកាបញ្ជាក់ថាៈ ការ ប្រារព្ធ ពិធីបុណ្យមាឃបូជានេះ គឺតាម គន្លង ពុទ្ធប្បវេណី និង រលឹក ដល់ព្រឹត្តិការណ៍ សំខាន់ៗបីយ៉ាង៖ ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែល និមន្ត ចូលរួម ចតុរង្គសន្និបាត គ្មាន ការណាត់ជាមុនឡើយ។
ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី.៣ រំលឹក ដល់ ព្រះសព្វញ្ញុតញ្ញាណ សំដែង ព្រះឱវាទ បាតិមោក្ខ ដែល ខ្លឹមសារ ក្នុង ឱវាទមោក្ខ បំព្រួញ ឱ្យ ខ្លី គឺ" សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ មានន័យ ថា កិរិយា មិនធ្វើនូវ អំពើបាប ទាំងពួង កិរិយាបំពេញ តែបុណ្យ កុសល និង ជម្រះ ចិត្ត ឱ្យ ស្អាត ផូរផង់ "។