កំពង់ឆ្នាំង៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងលោកអភិបាលស្រុក បានចុះជួបសំណេះសំណាល នាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្ដល់ជូនទូកអុំបុរសឈ្មោះ "ក្តាមប្រៃ" នៅភូមិកំពង់ក្ដារ ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលនឹងត្រូវទៅចូលរួមប្រកួតលក្ខណៈមិត្តភាព នៅខេត្តកំពង់ចាម នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្ដម បានផ្ដាំផ្ញើដល់ក្រុមកីឡាករចំណុះទូកទាំងអស់ ត្រូវខំថែរក្សាសុខភាព យកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានល្អ និងត្រូវពង្រឹងវិន័យឲ្យបានម៉ឺងម៉ាត់ សាកសមជាទូកមួយក្នុងចំណោមទូកដែលល្បីឈ្មោះប្រចាំខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្ដម បានឧបត្ថម្ភដល់ក្រុមកីឡាករទូកក្តាមប្រៃចំនួន៧៥នាក់ ថវិកាចំនួន ១០លានរៀល ឧបត្ថម្ភគណៈគ្រប់គ្រងទូកចំនួន ៣លានរៀល និងឧបត្ថម្ភសាលាបុណ្យចំនួន ១លានរៀល។ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តបានឧបត្ថមថវិកាចំនួន ១០លានរៀល អង្ករ ៥០០ គ.ក្រ និងភេសជ្ជៈមួយចំនួន សម្រាប់ការហ្វឹកហាត់ និងចេញទៅប្រកួតនៅខេត្ដកំពង់ចាម។